
ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់
សូមស្វាគមន៍មកកាន់គេហទំព័រ Data EF សូមអ្នកប្រើប្រាស់ទាំងអស់ មេត្តាអានលក្ខខណ្ឌនៃការប្រើប្រាស់នេះដោយយកចិត្តទុកដាក់មុនពេលប្រើប្រាស់បន្ត។ ការបន្តប្រើប្រាស់គេហទំព័រ នឹងត្រូវបានចាត់ទុកជាការទទួលស្គាល់ និងឯកភាពតាមខ្លឹមសារនៃលក្ខខណ្ឌនៃការប្រើប្រាស់នេះ ដោយគ្មានការបង្ខិតបង្ខំ ដែលស្របតាមច្បាប់ដែលនៅជាធរមាន។ លក្ខខណ្ឌនៃការប្រើបា្រស់គេហទំព័រ Data EF នឹងបកស្រាយយ៉ាងក្បោះក្បាយ ដូចខាងក្រោម៖
១. គោលការណ៍ទូទៅ
គេហទំព័រ Data EF គឺជាកម្មសិទ្ធិ និងធ្វើប្រតិបត្តិការដោយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.)។ ក្នុងករណីចាំបាច់ អ.ស.ឌ. សូមរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព និងកែសម្រួលលើលក្ខខណ្ឌនៃការប្រើប្រាស់នេះ។
២. កម្មសិទ្ធិបញ្ញា
រាល់ទិន្នន័យ ដែលមានផ្សព្វផ្សាយនៅលើ ឬតាមរយៈគេហទំព័រ Data EF នេះ ឬបណ្តាញសង្គមផ្លូវការរបស់ អ.ស.ឌ. ត្រូវបានការពារដោយច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការប្រើប្រាស់ទិន្នន័យដែលមានលើគេហទំព័រ Data EF នឹងត្រូវផ្តល់ ឬបង្ហាញអំពីប្រភពនៃប្រធានទិន្នន័យ។ ទិន្នន័យ គឺសំដៅលើទិន្នន័យ សំណុំទិន្នន័យ មាតិការ មុខងារ ព័ត៌មាន រូបភាព វីឌីអូ និងទិន្នន័យក្នុងទម្រង់ផ្សេងៗ។
៣. ការប្រើប្រាស់មាតិកា
មាតិការដែលមាននៅលើគេហទំព័រ Data EF មានប្រភពផ្លូវការពីប្រធានទិន្នន័យផ្សេងៗ ដែលស្ថិតនៅក្រោមក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធផ្សេងៗដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល។ អ្នកប្រើប្រាស់អាចប្រើប្រាស់មាតិការ ឬទិន្នន័យទាំងនោះសម្រាប់គោលបំណងពាណិជ្ជកម្ម ឬមិនមែនពាណិជ្ជកម្ម ព្រមទាំងសិក្សាស្រាវជ្រាវ និងគោលបំណងស្របច្បាប់ផ្សេងៗទៀត។
៤. ការហាមឃាត់ក្នុងការប្រើប្រាស់គេហទំព័រ
ការចូលប្រើប្រាស់ វាយប្រហារ (Hacking) លួចទិន្នន័យ (Data Mining) ឬសកម្មភាពមិនប្រក្រតីណាមួយ ក្នុងគេហទំព័រ ឬប្រព័ន្ធ ឬបណ្ដាញ ដែលបានភ្ជាប់ទៅនឹងគេហទំព័រ ឬម៉ាស៊ីនមេរបស់ អ.ស.ឌ. ដោយគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ និងផ្តន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។
៥. បណ្ដាញសង្គមផ្លូវការ
អ.ស.ឌ. រក្សាសិទ្ធិគ្រប់យ៉ាងក្នុងការកំណត់ប្រតិបត្តិការ ឬផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន រួមមាន៖ (១) ការបន្ថែម លុប ឬកែប្រែខ្លឹមសារណាមួយ (២) ការបិទគណនីអ្នកប្រើប្រាស់ដែលបង្កការរំខាន និង (៣) ការបិទបណ្តាញសង្គមផ្លូវការណាមួយ បានគ្រប់ពេលវេលា។ អ.ស.ឌ. នឹងមិនទទួលខុសត្រូវលើការបញ្ចេញមតិ ឬទស្សនៈ ឬសេចក្តីថ្លែងការណ៍ណាមួយរបស់សាធារណៈជននៅក្នុងបណ្តាញសង្គមផ្លូវការរបស់ អ.ស.ឌ.ឡើយ។ ការបញ្ចេញមតិ ឬទស្សនៈ ឬសេចក្តីថ្លែងការណ៍ ណាមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ ឬសេចក្តីថ្លៃថ្នូររបស់ប្រធានទិន្នន័យ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
៦. ការទទួលខុសត្រូវ
មាតិកានៅលើគេហទំព័រ Data EF និងបណ្តាញសង្គមផ្លូវការរបស់ អ.ស.ឌ. មិនបានបញ្ជាក់អំពីការតំណាងឆន្ទៈណាមួយ ឬនិន្នាការណាមួយឡើយ។ មាតិកាដែលមាននៅលើគេហទំព័រ ឬ បណ្ដាញសង្គមរបស់យើង គឺមានលក្ខណៈជាឯកសារជាក់លាក់ ដោយមិនតំណាងឱ្យការធានាដោយផ្ទាល់ ឬ ដោយប្រយោលណាមួយឡើយ។ អ.ស.ឌ. ធានាខ្លឹមសារត្រូវមានលើគេហទំព័រ Data EF ជាទិន្នន័យដើម និងមិនមានកែសម្រួល ឬបំភ្លៃឡើយ។
៧. គោលការណ៍រក្សាសិទ្ធិ
អ.ស.ឌ. រក្សាសិទ្ធគ្រប់យ៉ាងក្នុងការកែប្រែ និងធ្វើបច្ចុប្បន្នភាពគេហទំព័រ គ្រប់ពេលវេលា។ អ.ស.ឌ. ក៏រក្សាសិទ្ធិក្នុងការបដិសេធ និងហាមឃាត់ការចូលប្រើប្រាស់ ឬកំណត់កម្រិតនៃការចូលប្រើប្រាស់ចំពោះអ្នកប្រើប្រាស់គ្រប់ពេលដោយមិនចាំបាច់ជូនដំណឹង។
៨. តំណភ្ជាប់ផ្សេងៗ
គេហទំព័រ Data EF អាចនឹងតភ្ជាប់ទៅកាន់គេហទំព័រផ្សេង ឬតំណភ្ជាប់ផ្សេងៗ ដែលមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ អ.ស.ឌ.។ អ.ស.ឌ. មិនទទួលខុសត្រូវ រាល់មាតិកាដែលមាននៅលើតំណភ្ជាប់ទាំងនោះ រួមមានទាំងការខូចខាតនិងការបាត់បង់ ដែលកើតមានឡើងដោយតំណភ្ជាប់ ឬគេហទំព័រភ្ជាប់ទាំងនោះឡើយ។ អ.ស.ឌ. រក្សាសិទ្ធិគ្រប់យ៉ាងក្នុងការបិទឬផ្តាច់តំណភ្ជាប់ទាំងឡាយណាដែលមិនមានការអនុញ្ញាត។ រាល់មាតិកា សេវាកម្ម ការអះអាង ឬព័ត៌មានផ្សេងៗ ដែលមាននៅលើគេហទំព័រភ្ជាប់ ឬ តំណភ្ជាប់ទាំងនោះ គឺជាទំនួលខុសត្រូវរបស់ប្រតិបត្តិករនៃគេហទំព័រទាំងនោះ។
៩. ច្បាប់អនុវត្ត
លក្ខខណ្ឌនៃការប្រើប្រាស់ត្រូវបានស្ថិតក្រោមច្បាប់ ដែលមានជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា។
១០. គោលការណ៍ឯកជនភាព
សូមអ្នកប្រើប្រាស់ទាំងអស់ មេត្តាចូលទៅស្វែងរកគោលការណ៍ឯកជនភាព និងគោលការណ៍ប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ក្នុងគេហទំព័រ DATA EF មុននឹងចូលប្រើប្រាស់បន្ត។